អាជីវករវៀតណាមជាង3ម៉ឺននាក់ ត្រៀមចូលមករកស៊ីនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ក្នុងអំឡុងពេលកម្ពុជាបានចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះ ប្រជាជនក្នុងបណ្ដាប្រទេសអាស៊ានបានចេញចូលធ្វើអាជីវកម្មទៅវិញទៅមក ដែលតម្រូវឱ្យកម្ពុជាត្រូវការពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ។ អ្វីដែលកម្ពុជាត្រូវព្រួយបារម្ភបំផុតនោះ គឺប្រទេសជិតខាងមករកស៊ីនៅក្នុងស្រុកខ្មែរ ហើយប្រមូលលុយយ៉ាងច្រើនពីស្រុកខ្មែរទៅស្រុកគេវិញ ខណៈកម្ពុជាក៏អាចធ្វើបាននូវអាជីវកម្មទាំងនោះ និងមិនដឹងថា តើមានអាជីវករកម្ពុជាប៉ុន្មាននាក់ ដែលអាចមានសមត្ថភាពចេញទៅធ្វើអាជីវកម្មនៅប្រទេសក្រៅបាន ។ នេះជាការលើកឡើងរបស់ប្រធានគណៈកម្មាធិការសាខាយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ លោកឡី សុភាព ។
loading...
លោកឡី សុភាព មានប្រសាសន៍យ៉ាងដូច្នេះថា៖ « កំណើនគម្រោងវិនិយោគិនខ្នាតតូច និងមធ្យមរបស់វៀតណាមត្រៀមចូលមកវិនិយោគនៅកម្ពុជាប្រមាណជាង៣ម៉ឺននាក់ ហើយសួរថា តើកម្ពុជាបានត្រៀមខ្លួនប៉ុន្មានម៉ឺននាក់ទៅរកស៊ីនៅប្រទេសវៀតណាមវិញ ។ ក្រៅពីនោះ ក៏មានថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងទៀតចូលមកដែរ តែខ្ញុំបានស្នើសុំដល់ថ្នាក់ដឹកនាំ កុំទាន់អនុញ្ញាតច្បាប់ឱ្យពួកគេទាំងនោះចូលមកអី យើងត្រូវការពង្រឹងដល់អាជីវករក្នុងស្រុកយើងជាមុនសិន » ។
loading...
លោកបន្ថែមថា ៖ « បើសិនជាពួកគេចូលមកបើកអាជីវកម្មដោយមានស្តង់ដាត្រឹមត្រូវ ឧទាហរណ៍ថា នៅខណ្ឌមួយនៃរាជធានីភ្នំពេញ ការបើកអាជីវកម្មភោជនីយដ្ឋាន១០កន្លែង មានស្តង់ដាត្រឹមត្រូវនោះ អាជីវករខ្មែរប្រហែលជាដេកហើយ ព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើន គាត់ចូលចិត្តទៅញ៉ាំនៅកន្លែងណាដែលល្អ មានអនាម័យ និងស្តង់ដាត្រឹមត្រូវ ។ ពួកនោះគេមកមិនត្រឹមតែមានស្តង់ដានោះទេ គេមាន Brand (ម៉ាកយីហោ) របស់គេត្រឹមត្រូវផងដែរ ហើយខ្មែរយើងពេលនេះក៏ចូលចិត្តហាង Brand នោះទៀត ។ ជាក់ស្ដែង ខារ៉ាអូខេ ភោជនីយដ្ឋានធម្មតាៗមិនសូវចូលទេ តែបើខារ៉ាអូខេ និងភោជនីយដ្ឋានដែលមាន Brand អស់ប៉ុន្មានក៏ចូលដែរ » ។
លោកបន្ថែមទៀតថា ៖ « Brand របស់វៀតណាមមួយចំនួនដែលកំពុងបើកដំណើរការនៅក្នុងប្រទេសកម្ពុជា គឺបានស្នើសុំបន្ថែមសាខាជាច្រើនទៀត ដូចជា បៀរហ្គាឌិន និងខារ៉ាអូខេ ដែលមានស្តង់ដាត្រឹមត្រូវ តែសូមឱ្យមន្ទីរទេសចរណ៍រាជធានីភ្នំពេញ កុំឱ្យទាន់អនុញ្ញាតច្បាប់ ដោយទុកពេលឱ្យសហគ្រិនក្នុងស្រុកពង្រឹងសមត្ថភាព និងធ្វើឱ្យខ្លួនឯងវិញ ។ វៀតណាមគេស្នើសុំបើក Brand របស់គេនៅភ្នំពេញ២០កន្លែងទៀតក្នុងមួយខណ្ឌ តែខ្ញុំសុំខាងមន្ទីរទេសចរណ៍ កុំទាន់អនុញ្ញាតច្បាប់ឱ្យពួកគេ គឺទុកពេលឱ្យយើងធ្វើបន្តិចសិន ។ បើគេមកបើកមួយខណ្ឌ២០កន្លែងនោះ អាជីវករនៅភ្នំពេញយើងដេកហើយ ដូចនេះត្រូវទប់ស្កាត់សិន។ បើមិនអញ្ចឹងទេ វៀតណាមនឹងមកកើបលុយពីស្រុកយើងយកទៅស្រុកគេអស់ហើយ » ។
លោកបញ្ជាក់ថា ៖ « ការដែលវិនិយោគិនបរទេសមកវិនិយោគនៅស្រុកខ្មែរ វាមានផលចំណេញក៏ពិតមែន ត្រឹមកម្មករដែលស៊ីឈ្មួលគេ និងបានតិចតួចនៅឡើយ តែសម្រាប់លុយធំរាប់លានដុល្លារវិញនោះ គេនឹងវេចទៅស្រុកគេវិញ ចុះបើសិនជាវិនិយោគិនកម្ពុជា វិនិយោគដោយខ្លួនឯងនោះ លុយទាំងប៉ុន្មានក៏ជារបស់កម្ពុជា ហើយកម្មករក៏ធ្វើការនៅកម្ពុជា វាពិតជាចំណេញច្រើនជាងឱ្យគេមកវិនិយោគជំនួស » ។
ចំណែកលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ដែរថា ៖ « ការប្រកួតប្រជែង ក៏ត្រូវតែមានច្បាប់ទម្លាប់ត្រឹមត្រូវផងដែរនៅគ្រប់ប្រភេទអាជីវកម្មតូចធំ ។ រហូតមកដល់ពេលនេះ យើងបានបង្កើតច្រកចេញចូលតែមួយដើម្បីសម្រួលដល់អាជីវកម្មតូចៗក្នុងការស្នើសុំច្បាប់បើកអាជីវកម្ម ដែលកន្លងមកមានការពិបាកសម្រាប់ម្ចាស់អាជីវកម្ម » ។
loading...
លោកមានប្រសាសន៍បន្តថា ៖ « មន្ទីរទេសចរណ៍នឹងខិតខំធ្វើយ៉ាងណា ឱ្យម្ចាស់អាជីវកម្មមានការប្រកួតប្រជែងមួយដែលត្រឹមត្រូវ តែក៏ត្រូវមានការចូលរួមពីម្ចាស់អាជីវកម្មផ្ទាល់ផងដែរ ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគាត់មានស្តង់ដាត្រឹមត្រូវ » ៕
ប្រភព៖ kohsantepheap
ប្រភព៖ kohsantepheap


Post a Comment